ការកសាងសមត្ថភាព |
ក្នុងនាមជាស្ថាប័នទើបបង្កើតថ្មី វិទ្យាស្ថានជាតិការទូតនិងទំនាក់ទំនងអន្តរជាតិត្រូវការកសាងសមត្ថភាពក្រុមអ្នក ស្រាវជ្រាវលើកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិមួយ ដែលអាចរួមចំណែកដល់ការរៀបចំគោលនយោបាយការបរទេសកម្ពុជា។
ការកសាងនិងពង្រឹងពង្រីកសមត្ថភាពការស្រាវជ្រាវនិងវិភាគ
ដើម្បីសម្រេចវត្ថុបំណងលើកកម្ពស់សមត្ថភាពមន្រ្តីរបស់ខ្លួនក្នុងរយៈពេលខ្លី វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិបានបង្កើតកម្មវិធីកសាងសមត្ថភាពលើការងារស្រាវជ្រាវនិងវិភាគ ដោយសហការជាមួយនឹងស្ថាប័នស្រាវជ្រាវ ក្នុងស្រុក និងក្រុម Think-Tanks រួមមាន វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិតសភាកម្ពុជា (IRIC/RAC) វិទ្យាស្ថានស្រាវជ្រាវអភិវឌ្ឍកម្ពុជា (CDRI) និង វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)។ នៅក្នុងក្របខណ្ឌនេះ វិទ្យាស្ថានជាតិការទូតនិងទំនាក់ទំនងអន្តរជាតិបានខិតខំស្វែងរកកិច្ចសហប្រតិបត្តិការជាមួយដៃគូបរទេស និងស្ថាប័នទំនាក់ ទំនងអន្តរជាតិនានា ក្នុងការពង្រឹងពង្រីកនិងកសាងសមត្ថភាពខាងស្រាវជ្រាវនិងវិភាគលើវិស័យការទូត និងទំនាក់ទំនងអន្តរជាតិ។
ការស្រាវជ្រាវនិងវិភាគយុទ្ធសាស្រ្តគឺជាជំនាញសំខាន់មួយមិនមែនសម្រាប់តែអ្នកស្រាវជ្រាវប៉ុណ្ណោះទេ ប៉ុន្តែវាពិតជាមានសារៈសំខាន់ផងដែរសម្រាប់អ្នកការទូតនិងមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ។ ក្នុងន័យនេះ នាយកដ្ឋានស្រាវជ្រាវនិងវិភាគយុទ្ធសាស្រ្ត នៃវិទ្យាស្ថានជាតិការទូតនិងទំនាក់ទំនងអន្តរជាតិ បានកំពុងរៀបចំកម្មវិធី បណ្តុះបណ្តាលចំនួនពីរ ដើម្បីកសាងនិងពង្រឹងពង្រីកសមត្ថភាពខាងផ្នែកស្រាវជ្រាវនិងវិភាគយុទ្ធសាស្រ្ត ១) សម្រាប់មន្រ្តីស្រាវជ្រាវរបស់វិទ្យាស្ថានផ្ទាល់ និង ២)សម្រាប់មន្រ្តីការទូត និងមន្រ្តីរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ក្នុងពេលនេះនាយកដ្ឋានស្រាវជ្រាវនិងវិភាគយុទ្ធសាស្រ្តមានបំណងរៀបចំសរសេរគម្រោងស្តីពីការលើកកម្ពស់ ការស្រាវជ្រាវនិងបណ្តុះបណ្តាលលើវិស័យការទូតនិងទំនាក់ទំនងអន្តរជាតិ ស្ថិតក្រោមកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថាន និងដៃគូរបស់ខ្លួន។ ស្រមតាមវត្ថុបំណងនេះ វិទ្យាស្ថានជាតិការទូតនិងទំនាក់ទំនងអន្តរជាតិពិតជាត្រូវការចាំបាច់ កិច្ចសហការជាមួយដៃគូ ចូលរួមចំណែកទាំងបច្ចេកទេសនិងថវិកាជួយបណ្តុះបណ្តាលមន្រ្តីរបស់ខ្លួនលើមុខវិជ្ជាសរសេរគម្រោង។