ការកសាងសមត្ថភាព

ក្នុង​នាម​ជា​ស្ថា​ប័ន​ទើប​បង្កើត​ថ្មី វិទ្យា​ស្ថាន​ជាតិ​ការ​ទូត​និង​ទំនាក់​ទំនង​អន្តរ​ជាតិ​ត្រូវ​ការ​កសាង​សមត្ថ​ភាព​ក្រុម​អ្នក ស្រាវ​ជ្រាវ​លើ​កិច្ច​ការ​បរ​ទេស និង​សហ​ប្រ​តិ​បត្តិ​ការ​អន្តរ​ជាតិ​មួយ ដែល​អាច​រួម​ចំ​ណែក​ដល់​ការ​រៀប​ចំ​គោល​នយោ​បាយការ​បរ​ទេស​កម្ពុជា​។

ការកសាងនិងពង្រឹងពង្រីកសមត្ថភាពការស្រាវជ្រាវនិងវិភាគ

ដើម្បី​សម្រេច​វត្ថុ​បំ​ណង​លើក​កម្ពស់​សមត្ថ​ភាព​មន្រ្តី​របស់​ខ្លួន​ក្នុង​រយៈ​ពេល​ខ្លី វិទ្យា​ស្ថាន​ជាតិ​ការ​ទូត និង​ទំនាក់​ទំនងអន្តរ​ជាតិ​បាន​បង្កើត​កម្ម​វិធី​កសាង​សមត្ថ​ភាព​លើ​ការ​ងារ​ស្រាវ​ជ្រាវ​និង​វិភាគ ដោយ​សហ​ការ​ជា​មួយ​នឹង​ស្ថា​ប័ន​ស្រាវ​ជ្រាវ ក្នុង​ស្រុក និង​ក្រុម Think-Tanks រួម​មាន វិទ្យា​ស្ថាន​ទំ​នាក់​ទំ​នង​អន្តរ​ជាតិ​កម្ពុជា​នៃ​រាជ​បណ្ឌិត​សភា​កម្ពុជា (IRIC/RAC) វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ​អភិ​វឌ្ឍ​កម្ពុជា (CDRI) និង វិទ្យា​ស្ថាន​ចក្ខុ​វិស័យ​អាស៊ី (AVI)។ នៅ​ក្នុង​ក្រប​ខណ្ឌ​នេះ វិទ្យា​ស្ថាន​ជាតិ​ការ​ទូត​និង​ទំនាក់​ទំ​នង​អន្តរ​ជាតិ​បាន​ខិត​ខំ​ស្វែង​រក​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជា​មួយ​ដៃ​គូ​បរ​ទេស និង​ស្ថា​ប័ន​ទំ​នាក់ ទំ​នង​អន្តរ​ជាតិ​នា​នា ក្នុង​ការ​ពង្រឹង​ពង្រីក​និង​កសាង​សមត្ថ​ភាពខាង​ស្រាវ​ជ្រាវ​និង​វិភាគ​លើ​វិស័យ​ការ​ទូត និង​ទំ​នាក់​ទំនង​អន្តរ​ជាតិ​។

ការ​ស្រាវ​ជ្រាវ​និង​វិ​ភាគ​យុទ្ធ​សាស្រ្ត​គឺ​ជា​ជំ​នាញ​សំ​ខាន់​មួយ​មិន​មែន​សម្រាប់​តែ​អ្នក​ស្រាវ​ជ្រាវ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ពិត​ជា​មាន​សារៈ​សំ​ខាន់​ផង​ដែរ​សម្រាប់​អ្នក​ការ​ទូត​និង​មន្រ្តី​ក្រ​សួង​ការ​បរ​ទេស​និង​សហ​ប្រ​តិ​បត្តិ​ការ​អន្តរ​ជាតិ។ ក្នុង​ន័យ​នេះ នា​យក​ដ្ឋាន​ស្រាវ​ជ្រាវ​និង​វិភាគ​យុទ្ធ​សាស្រ្ត នៃ​វិទ្យា​ស្ថាន​ជាតិ​ការ​ទូត​និង​ទំ​នាក់​ទំ​នង​អន្តរ​ជាតិ បាន​កំពុង​រៀប​ចំ​កម្ម​វិធី បណ្តុះ​បណ្តាល​ចំនួន​ពីរ ដើម្បី​ក​សាង​និង​ពង្រឹង​ពង្រីក​សមត្ថ​ភាព​ខាង​ផ្នែក​ស្រាវ​ជ្រាវ​និង​វិភាគ​យុទ្ធ​សាស្រ្ត​ ១) សម្រាប់​មន្រ្តី​ស្រាវ​ជ្រាវ​របស់​វិទ្យា​ស្ថាន​ផ្ទាល់ និង ២)សម្រាប់​មន្រ្តី​ការ​ទូត និង​មន្រ្តី​របស់​ក្រ​សួង​ការ​បរ​ទេស និង​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ។

ក្នុង​ពេល​នេះនា​យក​ដ្ឋាន​ស្រាវ​ជ្រាវ​និង​វិភាគ​យុទ្ធ​សាស្រ្ត​មាន​បំ​ណង​រៀប​ចំ​សរ​សេរ​គម្រោង​ស្តី​ពី​ការ​លើក​កម្ពស់ ការ​ស្រាវ​ជ្រាវ​និង​បណ្តុះ​បណ្តាល​លើ​វិ​ស័យ​ការ​ទូត​និង​ទំ​នាក់​ទំ​នង​អន្តរ​ជាតិ ស្ថិត​ក្រោម​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​វិទ្យា​ស្ថាន និង​ដៃ​គូ​របស់​ខ្លួន។ ស្រម​តាម​វត្ថុ​បំណង​នេះ វិទ្យា​ស្ថាន​ជាតិ​ការ​ទូត​និង​ទំ​នាក់​ទំ​នង​អន្តរ​ជាតិ​ពិត​ជា​ត្រូវ​ការ​ចាំ​បាច់ កិច្ច​សហ​ការ​ជា​មួយ​ដៃ​គូ ចូល​រួម​ចំ​ណែក​ទាំង​បច្ចេក​ទេស​និង​ថវិ​កា​ជួយ​បណ្តុះ​បណ្តាល​មន្រ្តី​របស់​ខ្លួន​លើ​មុខ​វិជ្ជា​សរ​សេរ​គម្រោង។